ស្រុកថ្មពួក ៖ ក្រោយពីទទួលដំណឹងពីអាជ្ញាធរមូលដ្ឋាននូវទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅក្នុងស្រុកថ្មពួក កងកម្លាំងអន្តរាគមន៍ នៃវរសេនាតូចថ្មើរជើងលេខ៥១៤ នឹងកងពលតូចថ្មើរជើងលេខ៥១ បានចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋដែលកំពុងជួបគ្រោះដោយខ្យល់កន្រ្ទាក់ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ។
លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានដឹកនាំកម្លាំងនិង នាំយកស័ង្កសីដើម្បីទៅជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាគ្រោះធម្មជាតិដោយសារខ្យល់បក់បោកខ្លាំងធ្វើឲ្យរងការខូចខាតផ្ទះសម្បែងជាច្រើនខ្នង ។
សូមបញ្ជាក់ថា នៅក្នុងមូលដ្ឋានស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គឺតែងតែទទួលរងគ្រោះដោយខ្យល់កន្រ្តាក់ បង្កឲ្យមានការខូចខាតលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ សាលារៀន វត្តអារាម ជាដើម ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងទ័ពជើងគោក លោកបានផ្តល់ស័ង្កសីដើម្បីរក្សាទុកនៅអង្គភាពកងពលតូចថ្មើរជើងលេខ៥១ ត្រៀមសម្រាប់ជួយជួសជុល និងសាងសងផ្ទះជូនប្រជាពលរដ្ឋឡើងវិញឲ្យបានទាន់ពេលវេលា នៅពេលជួបនូវបញ្ហាគ្រោះធម្មជាតិដោយសារ ខ្យល់កន្រ្តាក់ម្តងៗ ៕






