ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២០នេះ បានបញ្ជូនខ្លួនជនជាតិ៣នាក់ ពាក់ព័ន្ធ ករណីកាន់កាប់អាវុធខុសច្បាប់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣ នាក់រួមមាន:ទី១-ឈ្មោះ វ័ង ចុងអ៉ិ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន(អ្នកទេសចរណ៍)ស្នាក់នៅសណ្ឋាគារប៉ាវហ្វុង ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ(មានសារធាតុញៀន)។ ទី២-ឈ្មោះ ជីង អ៉ី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន(អ្នកទេសចរណ៍)ស្នាក់នៅផ្ទះជួលផ្លូវ១០១៩ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(មានសារធាតុញៀន)។ និងទី៣-ឈ្មោះ ស៊ូ ភីង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន(អ្នកទេសចរណ៍)ស្នាក់នៅសណ្ឋាគារប៉ាវហ្វុង ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប១(មានសារធាតុញៀន)។
សូមជម្រាបថា នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មីកាលពីវេលាម៉ោង១២និង ១០នាទីរំលងអធ្រាត្រថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ បានចុះឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន០៣នាក់ ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត នៅមុខផ្សារថៃហួត ផ្លូវ១០០ ៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចដកហូតវត្ថុតាងដកហូតរួមមាន៖ រថយន្ត០១គ្រឿងម៉ាក ឡុចស៊ីស ៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Q-6666 និងអាវុធខ្លី ០១ដើម ម៉ាកឡុក ១៧ ពណ៌ខ្មៅ លេខ0406 (បង់០១ និងគ្រាប់ចំនួន ០៨គ្រាប់)៕






