ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងមិនប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងចតស្ងៀមពីក្រោយពេញទំហឹងបណ្ដាលឲ្យដួលបោកនិងថ្មល់រងរបួសបាក់ធ្មេញអស់ជាច្រើននិងឈាមហូរស្រោចពេញខ្លួន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង១០ នាទីយប់ថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ជិតនឹងក្លឹបប៊្លូឡាញ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តម៉ាកnisan navara ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2V-6575ឈប់ស្ងៀមលើចិញ្ចើមផ្លូវ ក្នុងទិសដៅត្បូងជើង លុះមកដល់ម៉ោងកើតហេតុខាងលើ ក៏មានបុរសម្នាក់ជិះម៉ូតូ មួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BQ-1648ធ្វើដំណើរទិសដៅពីជើងទៅត្បូងបានជ្រុលទៅបុក រថយន្តពីក្រោយផ្នែកខាងឆ្វេងបណ្ដាលឱ្យបែកស្តុប នឹងដួលបោកនឹងថ្នល់ របួសឈាមហូរស្រោចពេញខ្លួននិងបាក់ធ្មេញខាងមុខអស់ជាច្រើន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ ដោយភាគីទាំងសងខាងសូមធ្វើការសម្របសម្រួលគ្នាដោយខាងភាគីរថយន្តបានទារសំណងចំនួន ៦០ ម៉ឺនរៀល ដោយភាគីខាងម៉ូតូបានយល់ព្រម រួចទំនាក់ទំនងទៅខាងសាច់ញាតិ យកលុយមកឲ្យខាងភាគីរថយន្តដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕