ខេត្តបាត់ដំបង ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈបុរសម្នាក់ បានសម្រេចចិត្តចាក់សាំងដុតខ្លួនឯង ដើម្បីបញ្ចប់ជីវិត បន្ទាប់ពីរវើរវាយថាឈ្មោះខ្លួនគ្មាននៅក្នុងបញ្ជីរបស់អាជ្ញាធរមូលដ្ឋាន។
លោកវ៉ាន់ សុខា មេភូមិកំពង់ឡី ក្នុងឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់សារព័ត៍មានថានៅព្រឹកនេះថា ជនរងគ្រោះដែលបានធ្វើអត្តឃាតនោះមានឈ្មោះ គី ឈាន ហៅទូច មានប្រពន្ធ និងកូនចិញ្ចឹម១នាក់ នៅក្នុងផ្ទះ។
លោកមេភូមិបានបន្តថា ជនរងគ្រោះជាមនុស្សមានរោគរាំរៃប្រចាំកាយ និងមានសតិមិនល្អផង។
ដោយប៉ុន្មានថ្ងៃនេះគេតែងតែទូរស័ព្ទទៅសួរលោកមេភូមិថា ឮគេវាយវិទ្យុទាក់ទងមកប្រាប់ថា ឈ្មោះរបស់ខ្លួនមិនមាននៅក្នុងបញ្ជីភូមិ ឃុំនោះទេ បើទោះបីជាលោកមេភូមិព្យាយាមពន្យល់ច្រើនដងក៏ដោយក៏គេនៅតែបន្តទូរស័ព្ទមកសួរដដែលៗជាញឹកញាប់។
ជាចុងក្រោយគឺនៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ជនរងគ្រោះបាននិយាយប្រាប់លោកមេភូមិថា ប្រពន្ធ កូនរបស់ខ្លួនគ្រានើតែអោយដេកសុីសោះក៏យ៉ាប់ដែរ ចាំមើលយប់នេះសម្លាប់ចោលតែម្តង។គ្រាន់តែឮពាក្យនេះលោកមេភូមិបានប្រាប់ទៅស្ត្រីជាភរិយាអោយចេញទៅដេកផ្ទះបងប្អូននៅខាងក្រៅជាបណ្តោះអាសន្នសិនក្រែងមានបញ្ហា។
លុះព្រឹកម៉ោង៦ថ្ងៃទី៣០ នេះក៏ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះផ្ទះរបស់ជនរងគ្រោះតែម្តង ព្រមទាំងមានក្លិនសាំងផងដែរ ទើបប្រភពជាច្រើនបានសន្និដ្ឋានថា ជនរងគ្រោះប្រាកដជាចាក់សាំងដុតខ្លួនធ្វើអត្តឃាតពិតប្រាកដ ដោយសារតែការរវើរវាយផ្តេសផ្តាស់។
បច្ចុប្បន្នសពដែលឆេះខ្លោចត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសាររៀបចំធ្វើបុណ្យហើយ៕






