ភ្នំពេញ ៖ ដោយមានការបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ១៥ៈ០០ នាទីរសៀល ឯកឧត្ដម ស៊ុយ សេរិទ្ធ អភិបាលរង រាជធានីភ្នំពេញ និង លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ តំណាងលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នៅថ្ងៃ ព្រហស្បតិ៍ ១០រោច ខែ ស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២១ បានដឹកនាំកំលាំងគណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ បើកយុទ្ធនាការ បាញ់លាង និង សំអាតផ្លូវ តាមបណ្តោយផ្លូវ ៣០ម៉ែត្រ ចាប់ពីចំណុច ស្តុប៨៨ រហូតដល់ស្តុប ម៉ាស៊ើដេស ក្នុងការលាងសម្អាតផ្លូវ ៣០ម៉ែត្រ ប្រើប្រាស់សំភារះ មាន រថយន្តបាញ់ទឹក របស់សាលាខណ្ឌ ចំនួន ០២ គ្រឿង , រថយន្ត បោសថ្នល់ ០១ គ្រឿង , សាស៊ើ ឈួសថ្នល់ ០១ គ្រឿង , ឡានសណ្តាប់ខណ្ឌ ចំនួន ០២គ្រឿង, រ៉ឺម៉កដឹកដី ចំនួន ០២ គ្រឿង ព្រមទាំងមានការចូលរួមសហការជាមួយក្រុមហ៊ុន ថៃ ទ្រី នូវរថយន្តបាញ់ទឹក ចំនួន ០៣ គ្រឿង ។
ក្នុងនោះដែរ ឯកឧត្ដម ស៊ុយ សេរិទ្ធ អភិបាលរង រាជធានីភ្នំពេញ បានសំណូមពរឲ្យរថយន្ត ដែលកំពង់ចរាចរលើកំណាត់ផ្លូវ ៣០ម៉ែត្រ ( វិថីសម្តេចហ៊ុន នាង) សូមចូលរួមអនុវត្តន៍ ច្បាប់ចរាចរណ៍ ផ្លូវគោកអោយបានត្រឹមត្រូវពេលធ្វើដំណើរលើផ្លូវសាធារណៈ ជៀសវាងកើតបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដោយប្រការណាមួយមកលើបងប្អូនប្រជាពលរដ្ឋ ម្យ៉ាងវិញទៀតអាចប៉ះពាល់ដល់សោភ័ណភាពទីក្រុងថែមទៀតផង ។ជាមួយគ្នានេះដែរ ឯកឧត្ដម បានបន្តទៀតដែរថា ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព របៀបរៀបរយ សុខមាលភាពសាធារណៈ និងបញ្ជៀសបាននូវគ្រោះថ្នាក់ចរាចរណ៍ក្នុងមូលដ្ឋានខណ្ឌមានជ័យ ក៍ដូចជាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម ៖
១. បន្តត្រួតពិនិត្យរថយន្តដឹកដី រថយន្តដឹកខ្សាច់ជាប្រចាំនៅតាមបណ្តោយផ្លូវនានា នៅក្នុងភូមិសាស្រ្តខណ្ឌ ជាពិសេសបណ្តោយ មហាវិថីសម្តេច ហ៊ុន សែន ។
២. បន្តត្រួតពិនិត្យដេប៉ូខ្សាច់ទាំងអស់ក្នុងភូមិសាស្រ្តខណ្ឌមានជ័យជាប្រចាំ និងជម្រុញម្ចាស់ដេប៉ូអោយគោរពតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តឲ្យបានត្រឹមត្រូវ និងធ្វើកិច្ចសន្យាជាមួយម្ចាស់រថយន្តដឹកខ្សាច់ឲ្យអនុវត្តតាមបទដ្ឋានបច្ចេកទេស ក្នុងការដឹកជញ្ជូនអោយបានខ្ជាប់ខ្ជួន ។
បន្ទាប់មក ឯកឧត្ដម អភិបាលរង រាជធានីភ្នំពេញ បានសំណូមពរដល់ ម្ចាស់រថយន្ត ដឹកដី ដឹកខ្សាច់ នៅពេលដឹកចេញពីករដ្ឋានត្រូវលាងសំអាតកង់រថយន្ត និងគ្របតង់អោយបានត្រឹមត្រូវ ហើយត្រូវគោរពទៅតាមពេលវេលាដែលរដ្ឋបាលរាជធានីភ្នំពេញបានកំណត់ ប្រសិនបើមិនសហការ ឬអនុវត្តតាម ការណែនាំ របស់ រដ្ឋបាលរាជធានីភ្នំពេញនោះទេ ម្ចាស់រថយន្ត ដឹកដី ដឹកខ្សាច់ និងត្រូវប្រឈមមុខ ចំពោះផ្លូវច្បាប់ជាធរមាន ។






