ខេត្តបន្ទាយមានជ័យ ៖ នារសៀល ថ្ងៃព្រហស្បតិ៍ ៦ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម សុខ លូ អភិបាល នៃគណះអភិបាលខេត្តបាត់ដំបង បានដឹកនាំប្រតិភូខេត្តជាប់ព្រំដែនជួបប្រជុំពិភាក្សាជាមួយភាគីថៃដឹកនាំដោយ ឯកឧត្ដម Parinya Pothisut អភិបាលខេត្តស្រះកែវ និងស្ថាប័នពាក់ព័ន្ធ ដោយទទួលបានលទ្ធផលក្នុងកិច្ចប្រជុំមួយចំនួន៖
ភាគីថៃបានជម្រាបមកកម្ពុជាថាក្នុងកំឡុងថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ភាគីថៃនឹងបើកច្រកអនុញ្ញាតឱ្យពលករខ្មែរដែលមានការឯកភាពគ្នាក្នុងកិច្ចព្រមព្រៀង (MOU) រវាងកម្ពុជា-ថៃ ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិចំនួន ០២
១- ច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត
២- ច្រកទ្វារព្រំដែនអន្តរជាតិបានខៅឌិន-ភ្នំដី
ប៉ុន្តែតម្រូវឱ្យពលករទាំងអស់មានឯកសារដូចជា ៖
– ប័ណ្ណព្រំដែន – ប័ណ្ណចាក់វ៉ាក់សាំង
– លិខិតបញ្ជាក់សុខភាពគ្មានកូវីដ-១៩ ។
អនុញ្ញាតឱ្យចូលចាប់ពីវេលាម៉ោង០៦:០០នាទីព្រឹកដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ និងអាចស្នាក់នៅក្នុងប្រទេសថៃបានរយៈពេល ៩០ថ្ងៃ ។
ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ សម្រាប់ពលរដ្ឋខ្មែរចូលព្រឹកចេញល្ងាចតាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ភាគីថៃអនុញ្ញាតឱ្យចូលក្នុង ០១ថ្ងៃចំនួន ៣,០០០នាក់តែប៉ុណ្ណោះ ហើយភាគីថៃ-កម្ពុជាបើកច្រកតំបន់បន្ថែមចំនួន ០២ទៀតរួមមាន ៖
១-ច្រកតំបន់តាផាយ៉ា-បឹងត្រកួន
២-ច្រកតំបន់ណងព្រឺ-ម៉ាឡៃ
ពលរដ្ឋត្រូវមានឯកសារដូចជា ៖
– កាតចេញ-ចូលផ្សារថៃ- ប័ណ្ណចាក់វ៉ាក់សាំង
– លិខិតបញ្ជាក់សុខភាពគ្មានកូវីដ-១៩ ។
ដោយឡែកកម្មករអូសរទេះកំណត់ក្នុងរទេះមួយឱ្យមានមនុស្សចំនួន ០៤នាក់ ទៅ ០៦នាក់តែប៉ុណ្ណោះ ។
កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១៥:៣០នាទីថ្ងៃដដែល ដោយភាគីទាំងពីរផ្ដោតការយកចិត្តទុកដាក់ខ្ពស់ចំពោះខ្លឹមសារដែលបានឯកភាពរួមគ្នាក្នុងកិច្ចប្រជុំ ។
ដោយ៖លោកចាន់ពុធ