ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់អាជ្ញាធរ ត្រូវស្តារឡើងវិញនូវ វិស័យសេដ្ឋកិច្ច វិស័យសង្គមកិច្ច និង វិស័យអប់រំ ក្រោយពីជម្ងឺកូវីដហាក់ថមថយ។ ចំពោះសមត្ថកិច្ចជំនាញត្រូវពង្រឹងការងារសន្តិសុខ និង ត្រូវបង្ក្រាបរាល់បទល្មើសជួញដូរគ្រឿងញៀន ព្រោះមួយរយ:ចុងក្រោយនេះ បទល្មើសគ្រឿងញៀនមានការកើនឡើង។
ការថ្លែងនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសដែលឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋវ័យចាស់ (អាយុ៨០ឆ្នាំឡើង)ចំនួន៤០០នាក់ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីក្រសួង មន្ទីរ ស្ថាប័នពាក់ពន្ធ័ និងកម្លាំងប្រដាប់ អាវុធជាច្រើនរូប។
លោក រត្ន័ ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី បានថ្លែងថា ស្រុកមង្គបុរី ២ឆ្នាំទៅនេះ បានជួបគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ បង្កឲ្យលិចលង់លំនៅដ្ឋានពលរដ្ឋ ចំនួន២៨២១ខ្នង ស្រូវ៨១៩៥ ហិកតា ដំណាំរួមផ្សំ ២៨ហិកតា សាលារៀន ១៦កន្លែង ខូចខាតផ្លូវ១៣១កន្លែង និងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗជាច្រើនទៀត។ ក្រោយទឹកស្រកអាជ្ញាធរ បានចែកស្រូវពូជដល់ពលរដ្ឋចំនួន២០០០គ្រួសារដែលរងគ្រោះដោយទឹកជំនន់ និងបានកំពុងជួសជុលផ្លូវខូចឡើងវិញផងដែរ។
ទន្ទឹមគ្នានៃការចុះសួសុខទុក្ខ ក៏មានការចែកអំណោយជូនដល់លោកតា លោកយាយ ម្នាក់ភួយ១ អាវរងា១ ក្រម៉ា១ ឃីត១កញ្ចប់ និងថវិការ២ម៉ឺនរៀល៕ ដោយ៖លោកចាន់ពុធ






