ខេត្ដកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា រួមជាមួយក្រុមការងារនៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ នេះបានចុះដោះស្រាយបញ្ចប់ ដោយសន្តិវិធី ទំនាស់សំណើសុំបើកផ្លូវ ស្ថិតនៅក្នុងភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ។
សូមរំលឹកថា ប្រជាពលរដ្ឋចំនួន ០៨គ្រួសារ ជាភាគីដើមបណ្តឹង សុំឲ្យលោកស្រី ភាគីចុងចម្លើយបើកផ្លូវរទេះចាស់ទំហំទទឹង ០៣ម៉ែត្រ ឡើងវិញ ឬប្រសិនបើអាជ្ញាធរ គិតគូក្នុងការបើកផ្លូវថ្មី
គ្រួសារដើមបណ្តឹង នឹងចូលរួមបដិភាគជាថវិកាតាមលទ្ធភាព។
បើតាមលោកស្រី មូល ខូវ ជាចុងចម្លើយ មិនយល់ព្រម ក្នុងការបើកផ្លូវ នៅតាមចំហៀងដីរបស់គាត់ឡើយ ព្រោះគាត់បានអ:អាងថា តាំងពីបុរាណមក ដីរបស់គាត់គ្មានផ្លូវរទេះឆ្លងកាត់ ចេញចូលឡើយ។
ហើយបើរកឃើញថា លើដីរបស់គាត់មានប្រវត្តិពីមុនមក ជាផ្លូវរទេះមែននោះ និងមានសាក្សីដឹងឮច្បាស់លាស់ត្រឹមត្រូវ គាត់និងកូនស្រីមិនជំទាស់អ្វីឡើយ ហើយសុខចិត្តបើកផ្លូវនេះឡើងវិញ។
ប៉ុន្តែយ៉ាងណាក៏ដោយ នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ នេះ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះពិនិត្យ និងសម្របសម្រួលដោយផ្ទាល់ ធ្វើឲ្យភាគីទាំងសងខាងបានឯកភាពគ្នា យល់ព្រមបើកផ្លូវទទឹង (២,៨ ម៉ែត្រ) ២ម៉ែត្រ ៨តឹក និងបណ្ដោយជាង ១០០ ម៉ែត្រ ដែលការព្រមព្រៀងនេះដែរ ភាគីដើមបណ្តឹង បានរួមគ្នាសម្បទានថវិកាចំនួន ៥ លានរៀល និងថវិការបស់រដ្ឋបាលខេត្តកំពង់ចាម ១៩ លានរៀលទៀត ផ្តល់ឲ្យចុងបណ្ដឹង ។
បន្ទាប់ពីភាគីទាំងសងខាង បានផ្តិតមេដៃបញ្ចប់លើកំណត់ហេតុ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបានកំណត់ឲ្យគណៈកម្មការ អាជ្ញាធរដែនដី រួមជាមួយភាគីទាំងសងខាង ចុះរៀបចំវាស់វែងបើកផ្លូវ នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២២ ខាងមុខនេះ៕






