ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលចាក់សម្លាប់សង្សាររបស់ខ្លួននៅខេត្តព្រះសីហនុ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ ។
ធ្វើការឃាត់ខ្លួនបាននៅវេលាម៉ោង ១២និង៤៥នាទី ថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៣ នៅមុខការដ្ឋានមួយកន្លែង ស្ថិតនៅតាមបណ្ដោយជាតិលេខ៣ ក្នុងមូលដ្ឋានសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការចាប់ខ្លួនជនសង្ស័យនេះ ធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែនយុតិធម៌ និងបញ្ជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ក្រោយពីទទួលបានបទបញ្ជាពី នាយឧត្តមសេនីយ នេត សាវឿន លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំសហការជាមួយនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងមូលដ្ឋានខណ្ឌកំបូល បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការកំណត់មុខសញ្ញា និងឃាត់ខ្លួនបានសម្រេច។
មន្ត្រីជំនាញ បានឲ្យដឹងថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យ ឈ្មោះ ឡូត ម៉ុក ភេទប្រុស អាយុ៣១ឆ្នាំ បានសារភាពថា ខ្លួនពិតជាបានចាក់សម្លាប់សង្សាររបស់ខ្លួនពិតប្រាកដមែន ដោយសារតែការប្រច័ណ្ឌ ខឹងសង្សាររបស់ខ្លួនផឹកស៊ី និងដេកបែកបន្ទប់។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៩និង៣០នាទី យប់នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នារីជាកម្មការិនីរោងចក្រម្នាក់ ត្រូវបានឃាតកជាសង្សារ ចាក់សម្លាប់ដោយមានស្នាមកាំបិតចាក់ចំក្រោមក្លៀក បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងបរិវេណមុខរោងចក្រមួយកន្លែង “បេវឈីវើ” ក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាង នៅភូមិត្រពាំងគា ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនសង្ស័យឈ្មោះ ឡូត ម៉ុក ភេទប្រុស អាយុ៣១ឆ្នាំ ជាកម្មកររោងចក្រ មានស្រុកកំណើត នៅឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ចំណែកនារីរងគ្រោះ ឈ្មោះ សៀក ស៊ាវឡី ភេទស្រី អាយុ២២ឆ្នាំ ជាកម្មការិនីរោងចក្រស្រុកកំណើតឃុំគោករមៀតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុង ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រោយចាប់ខ្លួន ជនសង្ស័យត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើឃាត់ខ្លួន រួចប្រគល់ជូនទៅកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធី៕