ខេត្ដស្វាយរៀង៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ នៅវេលាម៉ោង ១៤និង៣០នាទី លោកវរសេនីយ៍ឯក មាស ធួក អធិការនគរបាលស្រុករំដួល បានដឹកនាំកងកម្លាំងមកចូលបុណ្យនិងគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក ឡុង សុខា ឋាន: នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្នាធ្នង់ ស្ថិតនៅក្នុងភូមិបុសតូច ឃុំពងទឹក ស្រុករំដូល ខេត្តស្វាយរៀង។
នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព មានការអញ្ជើញចូលរួមពី៖ លោកអធិការរងគ្រប់ផ្នែក លោក លោកស្រីនាយផ្នែក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០ប៉ុស្តិ៍ និងមន្រ្តី សរុបវត្តមាន ៣០នាក់ ស្រី០១នាក់ ។
ក្នុងនោះដែរសម្ភារ:ចូលរួមបុណ្យសព រួមមាន៖ទឹកផ្លែឈើ ០៤កេះ, ទឹកសុទ្ធវីតាល ០៥កេះនិងថវិកា ១,១៩៥,០០០រៀលផងដែរ។
លោកវរសេនីយ៍ឯកមាស ធួក អធិការនៃអធិការដ្ឋាននគរបាលស្រុករំដួល ៖ ក្នុងនាមអធិការស្រុករំដួល មន្ត្រីនគរបាលស្រុករំដួលទាំងអស់មានសេចក្តីរន្ធត់ក្រៀមក្រំជាទី បំផុត ចំពោះមរណភាពរបស់លោកឡុង សុខា ដែលបានទទួលមរណភាព នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៥០នាទីយប់ ក្នុងជន្មាយុ៣៥ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍។
មរណភាពរបស់ លោកឡុង សុខា គឺជាការបាត់បង់នូវសាច់ញាតិ ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ប្រជាពលរដ្ឋម្នាក់ដែលតែង ប្រជាពលរដ្ឋក្នុងឃុំថ្នាធ្នង់ ស្រុករំដួលខេត្តស្វាយរៀង គោរពស្រឡាញ់ ហើយការបាត់បង់ជីវិតលោកនាពេលនេះ ពលរដ្ឋមានការសោកស្តាយជាពន់ពេក ដែលបាត់បង់ធនធានមន្ត្រីប៉ូលីសដ៏ល្អបែបនេះ។
ក្នុងកាលវេលាដ៏សែនសោកសង្រេងនេះ លោកវរសេនីយ៍ឯកមាស ធួក រួមជាមួយលោកអធិការរងគ្រប់ផ្នែក លោក លោកស្រីនាយផ្នែក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០ប៉ុស្តិ៍ និងមន្រ្តី សូមចូលរួមរំលែកទុក្ខដោយ សេចក្តីក្រៀមក្រំ សោកស្តាយបំផុតជាមួយលោក លោកស្រី និងក្រុមគ្រួសារ ព្រមទាំងសូម បួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមព្រះមេត្តា តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ របស់ លោកឡុង សុខា បានទៅកាន់សុខគតិភព ជានិច្ចនិរន្តរ៍ តរៀងទៅ ៕






