(ស្វាយរៀង ) ៖ ដោយអនុវត្តបទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ទាំងព្រឹកទាំងយប់ថ្ងៃទី១៩–២០ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ព្រំ ពិសិដ្ឋ ស្នងការរងទទួលការងារព្រហ្មទណ្ឌកម្រិតស្រាល និងជាអនុប្រធានក្រុមការងារចុះពង្រឹងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញចុះការពារគោលដៅ ព្រំប្រទល់ស្វាយរៀង–ព្រៃវែង និងលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានដឹកនាំកងកម្លាំងក្រោមឱវាទ សហការជាមួយកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តដឹកនាំដោយវរសេនីយ៍ឯក អ៊ុច សារ៉ន នាយការិយាល័យចរាចរណ៍ផ្លូវគោក ព្រមទាំងកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដឹកនាំដោយលោកវរសេនីយ៍ទោ ចេវ សុគន្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុក ចុះដាក់ពង្រាយនៅតាមគោលដៅក្នុងមូលដ្ឋានដើម្បីស្តាប់សភាពការណ៍ និងបង្ការទប់ស្កាត់រាល់ឧបាយកលក្រុមជ្រុលនិយមដែលមានចេតនាប្រឆាំង និងរាជរដ្ឋាភិបាលស្របច្បាប់។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បានណែនាំដល់កម្លាំងនគរបាលគ្រប់ផ្នែកជំនាញនៃអធិការនគរបាលស្រុកស្វាយជ្រំ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវបន្តអនុវត្តបទបញ្ជាឲ្យបានជាប្រចាំក្នុងការការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរាបរយសាធារណៈ នៅតាមមូលដ្ឋានរៀងៗខ្លួន ជាពិសេសរឿងក្មេងទំនើងដែលអុកឡុក ឬបង្កភាពអាណាធិតេយ្យក្នុងមូលដ្ឋានត្រូវស្រាវជ្រាវកំណត់មុខសញ្ញាឲ្យបានជាដាច់ខាត មួយវិញទៀត ត្រូវបន្តអនុវត្តគោលនយោបាយភូមិ /ឃុំមានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ឲ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីភាពសុខសាន្តក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្រោមម្លប់សន្តិភាព។
ក្នុងនាមអធិការនៃអធិការដ្ឋាននគរបានស្រុកស្វាយជ្រំ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ សូមផ្តាំផ្ញើ និងសូមណូមពរដល់បងប្អូនទាំងអស់មេត្តាចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នាដើម្បីការពារជីវិតខ្លួនឯងនិងអ្នកដទៃ«ថ្ងៃនេះឬថ្ងៃស្អែកសូមកុំមានគ្រោះថ្នាក់ចរាចរណ៍» ។
លោកអធិការនគរបាលស្រុកស្វាយជ្រំបានបញ្ជាក់បន្ថែមថាខាងក្រោមនេះជាលេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បើបងប្អូនមានបញ្ហាបន្ទាន់អាចទំនាក់ទំនងបានគ្រប់ពេល ២៤ម៉ោងលើក២៤ម៉ោង ដែលមានលេខ ៖«097 778 0087 » ដើម្បីកម្លាំងអន្តរាគមន៍ចុះទៅជួយបានទាន់ពេលវេលា សូមអរគុណ ៕






