ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ៨កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៩ នៅវត្តរោទិ៍ ឃុំញរ ស្រុកកំពង់រោទិ៍ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តយសសាខា រួមដំណើរដោយ លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា ព្រមទាំងក្រុមការងារសាខា អនុសាខាស្រុក បាននាំយកអំណោយមនុស្សធម៌ចុះសំណេះសំណាល សួរសុខទុក្ខ និងចែកជូនចាស់ជរាគ្មានទីពឹង គ្រួសារមានជីវភាពខ្វះខាត ១៣៣ គ្រួសារ ជនពិការ ១០ នាក់ អ្នករស់នៅជាមួយមេរោគអេដស៍ ២ នាក់ សរុប ១៤៥ គ្រួសារ មកពី ១១ ឃុំ ក្នុងស្រុកកំពង់រោទិ៍ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោកជំទាវ ដួង វណ្ណា បានពាំនាំនូវសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋទីទ័លក្រ ជនពិការ អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា ជាពិសេសចាស់ជរាគ្មានទីពឹង និងបានផ្ដាំផ្ញើដល់ពួកគាត់ឲ្យខិតខំថែរក្សាសុខភាព មានអនាម័យក្នុងការរស់នៅ ហើយត្រូវប្រកាន់ខ្ជាប់នូវការហូបស្អាត រស់នៅស្អាត និងពិសារទឹកដាំពុះ ដើម្បីការពារជម្ងឺឆ្លងនានាដែលបណ្តាលមកពីការកង្វះអនាម័យ ហើយប្រឹងប្រែងប្រកបរបរបន្ថែមទៀត ដើម្បីលើកស្ទួយកម្រិតជីវភាពគ្រួសារ ត្បិតអំណោយដែលបានផ្តល់ជូននាពេលនេះ គឺបានជួយសម្រាលការលំបាកមួយគ្រាតែប៉ុណ្ណោះ ។
អំណោយដែលចែកជូនទាំង ១៤៥ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ កន្ទេលបត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រមា ១ សារ៉ុង ១ និងថវិកា ៥០.០០០ រៀល៕ដោយ ៖ជា រដ្ឋា






