ភ្នំពេញ៖នៅវេលាម៉ោង ១៧ៈ០០ នាទីល្ងាច ថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២០ នៅបរិវេណវត្តចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានន័យ ដឹកនាំដោយ លោក ពេជ្រ កែវមុនី ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ និងមានការចូលរួមពី លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានចុះសួរសុខទុក្ខ និង ផ្តល់អំណោយមនុស្សធម៌ ជូនដល់ ប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ចំនួន ១៥ គ្រួសារ មកពី ៨ ភូមិ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នាឱកាសនោះដែរ លោក ពេជ្រ កែវមុនី ប្រធានកិត្តិយសគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និង គ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ អ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” ។
ជាមួយគ្នានេះដែរ លោកប្រធានកិត្តិយស ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និង បន្តយកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺ កូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ត្រូវលាងសម្អាតនៅភាពកខ្វក់ជាមួយនិង អាកុល ឬក៌ជែល និង សាប៊ូ ជាប្រចាំផងដែរ ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ ៣០ គីឡូក្រាម , មី ១កេស , ទឹកសុទ្ធ ១ យួរ , ទឹកត្រី ២ដប , ទឹកស៉ីអ៉ីវ ២ដប, ស្ករស ១គីឡូ, និង ថវិកាចំនួន ២០,០០០ ម៉ឺនរៀលក្នុងមួយគ្រួសារផងដែរ ៕






