កំពង់ស្ពឺ ៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកកាកបាទក្រហមខេត្ត បានដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន៣៨ខ្នង ស្មើនឹង ៣៨គ្រួសារ នៅភូមិស្រែចិន្ដា និងភូមិស្វាយពក ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺកាលពីថ្ងៃពុធ ១២រោច ខេចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។
លោក វ៉ី សំណាង បានឲ្យដឹងថា តាមរយៈការព្យាករណ៍របស់ក្រសួងធនធានទឹក ឆ្នាំនេះមានកម្តៅកើនឡើង មានភ្លៀង និងខ្យល់កន្ទ្រាក់ ដូច្នេះទាមទារឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិឲ្យបានខ្ពស់បំផុត។
លោកបានបន្តថា កាកបាទក្រហមកម្ពុជាបានចូលរួមសោកស្តាយចំពោះគ្រោះធម្មជាតិនេះ និងតែងបានគិតគូរពីសុខទុក្ខជាប្រចាំចំពោះសុខភាព ព្រមទាំងការរស់រាល់ថ្ងៃតាមរយៈការតាមដានជាប្រចាំរបស់មន្ត្រីកាកបាទក្រហមនៅតាមមូលដ្ឋាន ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះទេ។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីបានផ្ដល់អំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋរងគ្រោះរួច លោក វ៉ី សំណាង បានបន្តដំណើរដឹកនាំក្រុមការងា និងមន្រ្តីជំនាញចុះពិនិត្យមើល និងបើកទ្វារទឹកស្ថានីយ៍ទំនប់អន្លង់ជ្រៃ ស្ថិតក្នុង ភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដើម្បីឲ្យមានទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ផងដែរ៕
















