ខេត្ដស្វាយរៀង ៖ កាលពីថ្ងៃអង្គារ៍ ១៥ កើត ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆកា ឆ្នាំ២០២២នេះ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោកលោកស្រី លោកគ្រូអាចារ្យ គណៈកម្មាការ បងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ជិតឆ្ងាយ បានផ្តួចផ្តើមធ្វើបុណ្យកឋិនទានដង្ហែមកវត្តចំបក់បិតមាសដែលមានទីតាំងស្ថិតនៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
នៅក្នុងពិធីនោះក៏មានការនិមន្តនិងអញ្ជើញចូលរួមពីព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តមលោកជំទាវ អស់លោក លោកស្រី លោកគ្រូអាចារ្យ គណៈកម្មការ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយជាច្រើនអង្គ/នាក់។
ដោយមានសន្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រីបងប្អូនប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្តជិតឆ្ងាយទាំងអស់ បានចំណាយនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួនផ្តួចផ្តើមធ្វើបុណ្យកឋិនទានដង្ហែទៅវេរប្រគេនព្រះសង្ឃ នៅវត្តចំបក់បិតមាស ។
ព្រះគ្រូចៅអធិការវត្តបានមានសង្ឃដីការថា អង្គកឋិនទានគឺជាបុណ្យមួយដែលប្រជាពុទ្ធបរស័ទ្ធខ្មែរយើងបានប្រារព្ធធ្វើឡើងជារៀងរាល់ ឆ្នាំបន្ទាប់ពីបុណ្យចូលព្រះវស្សាផុតទៅ ដែលមានរយៈពេលធ្វើបុណ្យកឋិនទាននេះមានតែ ២៩ថ្ងៃតែប៉ណ្ណោះគឺចាប់ពីថ្ងៃ១រោចខែអស្សុច ដល់ថ្ងៃ១៤កើត ខែកត្តិកជារៀងរាល់ឆ្នាំ ហើយ ក្នុងវត្តនីមួយៗ អាចដង្ហែរអង្គកឋិនទានបានតែម្តងក្នុងមួយឆ្នាំ ដើម្បីនាំមកនូវគ្រឿងទេយ្យទានជាអង្គកឋិនមានស្បង់ចីវរនិងសង្ឃាដី ក្រៅពីនេះ គឺជាបរិក្ខារបស់អង្គកឋិនទាំងអស់ រួមនិងបច្ច័យជាច្រើនទៀងសម្រាប់ នាំមកវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមានីមួយៗសម្រាប់ប្រើប្រាស់កសាង សមិទ្ធិផលនានាក្នុងទីអារាម។
ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីសណ្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខផងដែរ ។ ព្រះអង្គបានមានសង្ឃដីការបន្តទៀតថាមានប្រសាសន៍ថាការដែលយើងមានឱកាសបានធ្វើបុណ្យជួបជុំគ្នានៅពេលនេះបានក៏ដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំប្រកបដោយកិតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដូច្នេះសូមពុងម៉ែបងប្អូនយើងចូលរួមការពារ《 សន្តិភាព 》ទាំងអស់គ្នា។
ព្រះគ្រូចៅអធិការវត្តក៏បានប្រគេនពរនិងជូនពរដល់ព្រះសង្ឃគ្រប់អង្គ ឯកឧត្តមលោកជំទាវ លោកលោកស្រី និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែលបានចូលរួមធ្វើបុណ្យទាំងអស់ឱ្យទទួលផលពីបុណ្យអង្គកឋិនទាននេះគ្រប់ៗគ្នាកុំបីអាក់ខានឡើយ៕






